រាជធានីភ្នំពេញ ៖ យុវជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចអះអាងថា ពួកគេបានធ្វើសកម្មភាពឆក់កាបូបប្រាក់ពីជនរងគ្រោះអ្នកធ្វើដំណើរ ត្រង់ចំណុចក្បែរបុរីកីឡា ក្នុងសង្កាត់វាលវង់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២២ មីនា ត្រូវបានកម្លាំងល្បាតនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់រាជធានីភ្នំពេញដេញតាមប្រមាញ់ដល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ទើបចាប់បាន ព្រមទាំងដកហូតវត្ថុតាងកាបូបរបស់ជនរងគ្រោះបានមកវិញផង ។
ជនសង្ស័យម្នាក់ឈ្មោះឈាង វណ្ណលីន អាយុ១៩ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះហាច សំណាង អាយុ១៩ឆ្នាំ ដូចគ្នា មានអាសយដ្ឋាននៅភូមិតាងួន សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទាក់ទិននឹងការឃាត់ខ្លួនយុវជន២នាក់ខាងលើ លោកវរសេនីយ៍ទោជួន ណារិន្ទ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានី ភ្នំពេញ បានឱ្យដឹងថា មុនឈានទៅឃាត់ខ្លួនជនសង្ស័យ កម្លាំងល្បាតតាមគោលដៅរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានដើរល្បាត នៅក្នុងភូមិសាស្ត្រសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ពេលកម្លាំងយើងកំពុងដើរល្បាតទទួលបានព័ត៌មានតាមវិទ្យុទាក់ទ ងថា មានករណីចោរឆក់កាបូបពីជនរងគ្រោះនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយក្នុងអំពើឆក់នោះជនល្មើសមានបក្សពួក២នាក់ជិះម៉ូតូម៉ាក ស្មាស់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AX-4085 ពីនារីម្នាក់កំពុងជិះម៉ូតូឌុប នៅមុខមន្ទីរសាធារណការក្បែរបុរីកីឡា ។
លោកវរសេនីយ៍ទោជួន ណារិន្ទ បានបន្តថា ពេលទទួលបានព័ត៌មានអំពីករណីឆក់កាបូបនោះ លោកបានបញ្ជាឱ្យកម្លាំងល្បាតគ្រប់គោលដៅតាមប្រមាញ់ស្ទាក់ ចាប់ជនសង្ស័យខាងលើឱ្យខាងតែបាន ដោយមានការជំរុញបន្ទាន់ពីលោកស្នងការ និងស្នងការរងទទួលបន្ទុកការងារព្រហ្មទណ្ឌផង ។ ជាលទ្ធផល កម្លាំងយើងបានដេញចាប់ខ្លួនបានម្នាក់នៅចំណុចមុខស្ថានីយ ទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលជននោះលោតចុះពីម៉ូតូនិងម្នាក់ទៀតព្យាយាមជិះម៉ូតូគេច រត់ទៅដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទើបចាប់បានទាំងមនុស្ស និងម៉ូតូ ព្រមទាំងដកហូតបានកាបូបប្រាក់របស់ជនរងគ្រោះផង ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូន ទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការសាកសួរយកចម្លើយសម្រាប់នាំខ្លួនឡើងតុលាការ រួមមានវត្ថុតាងម៉ូតូស្មាស់ ធ្វើសកម្មភាព១គ្រឿង កាបូបដៃពណ៌ផ្កាឈូក១របស់ជនរងគ្រោះដែលក្នុងនោះមានលុយចំនួន ១៦.០០០រៀល ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបប្រាក់) ដើម្បីឱ្យតំណាងអយ្យការចោទប្រកាន់ជាផ្លូវការ និងត្រូវឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នរង់ចាំការ វិនិច្ឆ័យទោស ៕