Friday, March 25, 2011

និស្សិត​ន័រ​តុន​ស្វែង​យល់​សំណង់​ក្រសួង​ការ​បរ​ទេស

http://img.kohsantepheapdaily.com.kh/2011/3/300-ea481cfe-b060-4424-b09d-d7dc306608ca.jpg

រាជ​ធានី​ភ្នំពេញ ៖ និស្សិត​ផ្នែក​ស្ថាបត្យ​កម្ម​របស់​សាកល​វិទ្យា​ល័យ​ន័រ​តុន​ជា​ច្រើន​នាក់​ បាន​ចុះ​ធ្វើ​​ទស្សន​​កិច្ច​សិក្សា​ស្វែង​យល់​អំពី​សំណង់​អគារ​ក្រសួង​ការ​ បរ​ទេស។ ពិធី​នោះ​​ធ្វើ​ឡើង​ក្រោម​អធិ​បតី​ភាព​លោក​ភឿង សុភ័ណ្ឌ រដ្ឋ​លេខា​ធិការ​ក្រសួង​​រៀបចំ​ដែនដី​ នគរូបនីយ​កម្ម និង​សំណង់ កាល​ពី​ថ្ងៃ​ទី​២៣ មីនា កន្លង​មក​។
នៅ​ក្នុង​កិច្ច​​សម្ភាសន៍​ដាច់​ដោយ​ឡែក​មួយ​ លោក​ភឿង សុភ័ណ្ឌ ​ថ្លែង​ថា ដំណើរ​ទស្សន​កិច្ច​សិក្សា​របស់​ក្រុម​និស្សិត​សាកល​វិទ្យា​ល័យ​ន័រ​តុន​ ផ្នែក​ស្ថាបត្យ​កម្ម​ គឺ​ដើម្បី​ស្វែង​យល់​អំពី​គម្រោង​ប្លង់​ស្ថាបត្យ​កម្ម​នៃ​អគារ​សាធា​រណៈ អគារ​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋ ដើម្បី​ឱ្យ​និស្សិត​​ទាំង​នោះ​យល់​កាន់​តែ​ច្បាស់​ថា ទស្សនៈ​ស្ថាបត្យ​កម្ម​មុន​នឹង​បង្កើត​បាន​សំណង់​មួយ គឺ​គេ​ត្រូវ​បង្កើត​គម្រោង​ស្ថាបត្យ​កម្ម​ជា​មុន​សិន។ មុន​បង្កើត​បាន​គម្រោង​ស្ថាបត្យ​កម្ម គឺ​គេ​ត្រូវ​បង្កើត​ទស្សនៈ​ស្ថាបត្យ​កម្ម​មុន​គម្រោង​នេះ​ទៅ​ទៀត។ ការ​បង្កើត​គម្រោង​ស្ថាបត្យ​កម្ម​ គឺ​គេ​ត្រូវ​ពិចារណា​ទៅ​លើ​ផល​ប្រយោជន៍​ និង​តួនាទី​របស់​អគារ​ និង​ផល​ប្រយោជន៍​ចំពោះ​មុខ​ជន​បរ​ទេស​ចូល​មក​បម្រើ​ការ​នៅ​ក្នុង​​ក្រសួង​ផង ​ដែរ ដើម្បី​បង្ហាញ​អំពី​វប្ប​ធម៌​ជាតិ​យើង ពីព្រោះ​កម្ពុជា​កំពុង​តែ​ចាប់​ផ្តើម​រីក​ចម្រើន។ ជា​ពិសេស​វិស័យ​សំណង់​កំពុង​ក្លាយ​ជា​វិស័យ​ចំណូល​ទី៤ បន្ទាប់​ពី​ទេស​ចរណ៍ វាយន​ភណ្ឌ និង​កសិ​កម្ម និង​សំណង់។ នៅ​ថ្ងៃ​ទី​១, ២ និងទី៣ ខែ​មេសា ខាង​មុខ​នេះ កម្ពុជា​នឹង​រៀបចំ​តាំង​ពិព័រណ៍​លើ​វិស័យ​សំណង់​ដ៏​ធំ​មួយ​នៅ​កោះ​ពេជ្រ ក្រោម​ការ​ចូល​រួម​ពី​លោក​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូប​នីយ​កម្ម និង​សំណង់ អឹុម ឈុន​លឹម ដើម្បី​ជំរុញ​វិស័យ​សំណង់​ឱ្យ​កាន់​តែ​រីក​ចម្រើន​ឡើង​នៅ​កម្ពុជា។
លោក​ភឿង សុភ័ណ្ឌ បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១០ វិស័យ​សំណង់​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ដោយ​សារ​តែ​វិបត្តិ​សេដ្ឋ​កិច្ច​ ពិភព​លោក។ ប៉ុន្តែ​ឆ្នាំ​នេះ វិស័យ​សំណង់​នៅ​កម្ពុជា​បាន​ឡើង​ជាង​៥០%​ហើយ។ ដូច្នេះ​ហើយ​ទើប​នាំ​និស្សិត​ស្ថាបត្យ​កម្ម​របស់​សាកល​វិទ្យា​ល័យ​ន័រ​តុន​ ឱ្យ​មក​ស្វែង​យល់​អំពី​ស្ថាបត្យ​កម្ម​ខ្មែរ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ស្ថាបត្យ​កម្ម​ខ្មែរ​មាន​លក្ខណៈ​ទំនើប​កម្ម​នៅ​​ ថ្ងៃ​អនា​គត៕

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More